សន្និសីទភាពជាអ្នកដឹកនាំ ស្តីពី “ការដឹកនាំជាយុទ្ធសាស្ត្រ ការអភិវឌ្ឍមូលធនមនុស្ស និងការប្រមើលមើលទៅថ្ងៃអនាគត” ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងមូលនិធិអន្តរជាតិ Temasek និងវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈនៃប្រទេសសិង្ហបុរី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧
រាជធានីភ្នំពេញ៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងអមដំណើរដោយថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទភាពជាអ្នកដឹកនាំ ស្តីពី “ការដឹកនាំជាយុទ្ធសាស្ត្រ ការអភិវឌ្ឍមូលធនមនុស្ស និងការប្រមើលមើលទៅថ្ងៃអនាគត” ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងមូលនិធិអន្តរជាតិ Temasek និងវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈនៃប្រទេសសិង្ហបុរី ដោយមានសមាសភាពចូលរួមប្រមាណ ២៥០ នាក់ មានរយៈពេល១ថ្ងៃកន្លះ នារសៀលថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៧ នៅសហសាលនៃសាលាភូមិន្ទរដ្ឋបាល។ សន្និសីទភាពជាអ្នកដឹកនាំនាថ្ងៃនេះ រៀបចំទ្បើងក្នុងគោលបំណងដើម្បីដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការជាន់ខ្ពស់ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ ដោយផ្តោតសំខាន់ទៅលើ អភិបាលកិច្ចល្អ ភាពជាអ្នកដឹកនាំ ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងការផ្លាស់ប្តូរ និងការផ្តល់សេវាសាធារណៈ ព្រមជាមួយនឹងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសាធារណៈរវាងប្រទេសសិង្ហបុរីនិងព្រះរាជាណាចក្រកម្ពុជា សំដៅជួយគាំទ្រដល់ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។ ឯកសារពាក់ព័ន្ធ http://mcs.gov.kh/symposium2017