បាឋកថា ស្ដីពី «វិស័យការពារជាតិរបស់កម្ពុជា» នៅទីបញ្ជាការដ្ឋានកងអង្គរក្សទួលក្រសាំង ជូនដល់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមធ្យម សិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមវគ្គខ្លីនៃក្រសួងបរិស្ថាន ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨
ថ្ងៃព្រហស្បតិ៍ ៣រោច ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០ នាទីរសៀល ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស ៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញធ្វើបាឋកថា ស្ដីពី «វិស័យការពារជាតិរបស់កម្ពុជា» នៅទីបញ្ជាការដ្ឋានកងអង្គរក្សទួលក្រសាំង ជូនដល់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមធ្យម សិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមវគ្គខ្លីនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាលផងដែរ ក្រោមការដឹកនាំ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងការកោតសរសើរ ដល់សាលាភូមិន្ទរដ្ឋបាល ដែលតែងតែជួយបង្កលក្ខណៈល្អជាមួយបញ្ជាការដ្ឋានអង្គរក្ស។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងពីប្រវត្តិដ៏ជូ​ជត់ និងទុក្ខវេទនាបំផុត ដែលប្រជាពលរដ្ឋកម្ពុជាបានជួបប្រទះ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត​ ហើយពេលនោះដែរ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកជួយប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីការសម្លាប់យ៉ាងឃោឃៅព្រៃផ្សៃនោះទេ គឺមានតែសម្តេចទាំងបី ដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ​ ​ ហើយបាននាំសុខសន្តិភាព ស្ថិរភាព និង បានខិតខំ​ពុះពារ​ គ្រប់ឧបសគ្គ រហូត​អភិវឌ្ឍ​ប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យពេញផ្ទៃប្រទេស ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងច្បាស់ថា៖ ការពារដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះទេ ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ។