សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយ សាកលវិទ្យាល័យក្រចេះ រៀបចំសិក្ខាសាលា ស្ដីពី «ការកសាងសមត្ថភាពគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈ» ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨
ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយ សាកលវិទ្យាល័យក្រចេះរៀបចំ សិក្ខាសាលា ស្ដីពី «ការកសាងសមត្ថភាពគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈ» នៅក្នុងសកលវិទ្យាល័យក្រចេះ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យក្រចេះថ្នាក់ដឹកនាំ មន្រ្តី សាលាភូមិន្ទរដ្ឋបាលនិងសាកលវិទ្យាល័យក្រចេះ លោកអភិបាលរងស្រុកចិត្របុរី លោកនាយកសាលាបឋមសិក្សាវត្តបូព៌ ព្រមទាំង លោកគ្រូ-អ្នកគ្រូជានាយក-នាយិកា នាយករង-នាយិការង សាលាបឋមសិក្សា ព្រមជាមួយក្រុមប្រឹក្សាឃុំទាំង១០ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះប្រមាណ១០១នាក់ ក្នុងគោលបំណង បណ្ដុះស្មារតីដល់លោកគ្រូ-អ្នកគ្រូឱ្យមានទស្សនៈវិស័យលើការអភិវឌ្ឍន៍អង្គភាពឱ្យមានភាពរីកចម្រើន ពង្រឹងសមត្ថភាពនិងចែករំលែកបទពិសោធន៍ការងារក្នុងការការគ្រប់គ្រងអង្គភាពផ្លាស់ប្តូរពីលោកគ្រូ-អ្នកគ្រូអ្នកធ្វើតាមទៅជាអ្នកចេះបង្កើតគំនិតថ្មីដោយខ្លួនឯង ផ្សព្វផ្សាយការអនុវត្តន៍ល្អៗ ជួយជំរុញអោយ ធ្វើការងារ យ៉ាងជិតស្និតជាមួយនឹងគ្រូឧទ្ទេសដែលមានសមត្ថភាព ជំរុញលើកទឹកចិត្តអោយមានការចូលរួមយ៉ាងទូលំទូលាយ ។ ឯកឧត្ដម យក់ ប៊ុនណា បានបញ្ជាក់ថា សារៈសំខាន់នៃការជួបប្រជុំគ្នានាថ្ងៃនេះ គឺជាការផ្តល់នូវកាលានុវត្តភាពជូនដល់លោកគ្រូ អ្នកគ្រូជានាយក នាយិកា នាយករង នាយិការងដែលមកពីសាលាបឋមសិក្សានៅក្នុងឃុំទាំង ១០ នៃស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីឡើងថ្លែងនូវចំណាប់អារម្មណ៍ បទពិសោធន៍ដែលទទួលបានក្រោយពីបានទៅធ្វើទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាវត្តបូព៌ ហើយឯកឧត្ដមបានបញ្ជាក់នៅក្នុងបទបង្ហា្របស់ឯកឧត្ដមថា «គ្រូមិនមែនគ្រាន់តែជាអ្នកផ្ដល់ព័ត៌មាននោះទេ គ្រូគឺជាអ្នកសម្របសម្រួលអោយសិស្សចេះជជែកគ្នាពិភាក្សាគ្នា ចេះផ្ដល់គំនិត និងចេះរកវិធីសាស្ត្រដោះស្រាយលើករណីសិក្សា» លើសពីនេះទៅទៀតឯកឧត្ដមបានជំរុញអោយលោកគ្រូ-អ្នកគ្រូទាំងអស់ធ្វើការចែករំលែកបទពិសោធន៍ដែលបានរៀនសូត្រពីយុទ្ធសាស្ត្រនៃការគ្រប់គ្រង និងដឹកនាំប្រកបដោយប្រសិទ្ធផលនិងប្រសិទ្ធភាពរបស់លោកនាយកសាលាបឋមសិក្សាវត្តបូព៌ ក្នុងន័យសម្រាប់ធ្វើការអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួនឲ្យមានការរីកចម្រើន។ ឯកឧត្តមបណ្ឌិត ងី ឡាយមិថុនា បានបង្ហាញនូវអារម្មណ៍ស្វាគមន៍ក្រោមរូបភាពសហការ ដើម្បីចូលរួមជាមួយសាលាភូមិន្ទរដ្ឋបាល ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងស្ថាប័នអប់រំ ដើម្បីឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងរីកចម្រើននាពេលអនាគត។ ឯកឧត្តមបណ្ឌិត សួន រ៉ានី នាយករងសាលាភូមិន្ទរដ្ឋបាល បានគូសបញ្ជាក់ថាការចាត់ចែងគ្រប់គ្រងរៀបចំមន្រ្តីរាជការគ្រប់ជាន់ថ្នាក់អោយធ្វើការជូនអង្គភាពបានល្អ និងមានប្រសិទ្ធភាព ជាការកសាងសមត្ថភាពគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈ។ នាយករងសាលាភូមិន្ទរដ្ឋបាល លោក សុខ សេងយ៉ន បានលើកយក៣ចំណុចនៃសីលធម៌មកបញ្ជាក់ថា ការកសាងសមត្ថភាពគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈត្រូវ មួយ លើកកម្ពស់សីលធម៌ ដោយចាប់ផ្តើមធ្វើ បណ្តុះសេចក្តីស្មោះត្រង់ ត្រូវធ្វើជាម្ចាស់លើខ្លួនឯង ការឱ្យតម្លៃទៅវិញទៅមក ហើយម្យ៉ាងទៀតត្រូវលើកកម្ពស់សេចក្តីថ្លៃថ្នូរ ដោយការបង្ករបរិយាកាសក្នុងការរួមរស់នៅជាមួយគ្នា ការផ្តល់កិត្តិយសឱ្យអ្នកដទៃ គោរពច្បាប់ប្រទេស មានអត្តចរិតស្លូតបូត សុភាពរាបសារ មិនបង្កើតបញ្ហាឱ្យសង្គមពិបាក និងស្គាល់តម្លៃវិជ្ជាជីវៈរបស់ខ្លួន ចំណែកឯទីបី ត្រូវលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ។