កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០១៨ បន្ទប់អង្គរធំ (វេនព្រឹក) បានចុះអនុវត្តការងារសង្គម ក្រោមប្រធានបទ៖ "ការកែលម្អសោភ័ណភាពបរិស្ថាន និងការលើកកម្ពស់អំណានសៀវភៅ" ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
(ខេត្តកំពត)៖ នៅថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាស្ទឹងកែវ ស្ថិតនៅភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០១៨ បន្ទប់អង្គរធំ (វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាល ចំនួន៣៦នាក់ បានចូលរួមអនុវត្តការងារសង្គមក្រោមប្រធានបទ៖ "ការកែលម្អសោភ័ណភាពបរិស្ថាន និងការលើកកម្ពស់អំណានសៀវភៅ" ពិធីសម្ពោធនេះត្រូវបានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោកសុខ សេងយ៉ន នាយករងនៃសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោក អ៊ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ និងជាតំណាងលោកអភិបាលស្រុកទឹកឈូ។ សមិទ្ធផលនានាដែលបានកសាងនៅទីនោះរួមមាន ៖ ១-កែលម្អបង្គន់ដែលមានស្រាប់ចំនួន០៤ និងបន្ថែមបង្គន់(ខាងក្រៅ)ចំនួន០២សម្រាប់សិស្សប្រុស ព្រមទាំងបន្ថែមនូវកន្លែងសម្រាប់លាងដៃ០១(នៅខាងក្រៅ) បានរៀបចំតបណ្តាញទឹកថ្មីចូលក្នុងបន្ទប់ទឹក និងដាក់ធុងទឹកចំណុះ២០០០លីត្រ ចំនួន០១។ ២-ធ្វើដងទង់ជាតិថ្មី០១ ៣-ធ្វើសួនច្បារជុំវិញដង់ទងជាតិទំហំ១២,៥៦ម៉ែត្រការ៉េ និងដាំផ្កាជុំវិញដងទង់ជាតិផងដែរ ៤-រៀបចំតបណ្តាញអគ្គិសនីឡើងវិញ និងរៀបការ៉ូបន្ទប់បណ្ណាល័យចំនួន៥៣,២១ម៉ែត្រការ៉េ ៥-ទិញសៀវភៅថ្មីសម្រាប់ដាក់នៅបណ្ណាល័យ (ភាសាខ្មែរថ្នាក់ទី១ដល់ថ្នាក់ទី៦) ចំនួន៧០ក្បាល សៀវភៅសម្រាប់សរសេរចំនួន ៨០ក្បាល និងសៀវភៅសម្រាប់អានប្រមាណ១៧០ក្បាល(ជាភាសាអង់គ្លេស) ៦-ដាក់ពាក្យស្លោកចំនួន១៦ផ្ទាំងនិងប៉ាណូចំនួន០២នៅក្នុងសាលា ៧-ដាក់ធុងសំរាមចំនួន០៤នៅក្នុងសាលា ៨-ឧបត្ថម្ភតុComputerចំនួន០១ជូនដល់សាលា ៩-ដាំកូនឈើចំនួន១០០ដើមនៅក្នុងសាលា សរុបថវិកាចំណាយអស់៤៤៤០,៣៥$ (ថវិកាបានពីកម្មសិក្សាការី) +ថវិកាខាងលើនេះមិនគិតអំពីការចំណាយនៅក្នុងពិធីសម្ពោធទេ។