សិក្ខាសាលាស្ដីពី «ទ្រឹស្ដីនៃការបង្កើតចំណេះដឹង និងបទពិសោធន៍នៃការកែទម្រង់បៀវត្ស និងការបើកផ្ដល់បៀវត្សតាមប្រព័ន្ធធនាគារ» ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងសហសាលនៃសាលាភូមិន្ទរដ្ឋបាល បានរៀបចំអង្គសិក្ខាសាលាស្ដីពី «ទ្រឹស្ដីនៃការបង្កើតចំណេះដឹង និងបទពិសោធន៍នៃការកែទម្រង់បៀវត្ស និងការបើកផ្ដល់បៀវត្សតាមប្រព័ន្ធធនាគារ» ដែលអង្គសិក្ខាសាលានេះត្រូវបានប្រកាសបើកដោយ៖ ឯកឧត្ដម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។ អង្គសិក្ខាសាលានេះត្រូវបានធ្វើបទឧទ្ទេសនាមដោយៈ លោកស្រីសាស្ត្រាចារ្យបណ្ឌិត Ayano Hirose Nishihara ដែលជាសាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យ Rikkyo ទីក្រុងតូក្យូ ប្រទេសជប៉ុន និងឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជានាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីចែកជូនដល់៖ • ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រី សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ សិស្សមន្ត្រីក្រមការជំនាន់ទី៨នៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រី តំណាងឱ្យក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ អង្គភាព មន្ទីរជំនាញជុំវិញខេត្តចំនួន៥ រួមមាន៖ (ខេត្តកំពត ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកោះកុង និងខេត្តក្រចេះ) ព្រមទាំងវិស័យឯកជនរួមមាន៖ តំណាងធនាគារ អេ ស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគារឯកទេសវីង។ សរុបសមាសភាពចូលរួមប្រមាណ ២៥០ នាក់។