«ពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ» ជូនដល់សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០១៧ វគ្គទី៤ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងសហសាលនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ» ជូនដល់សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០១៧ វគ្គទី៤ ដែលមានចំនួន ១៤៦នាក់ (ស្រី៥០នាក់)។ បើតាមប្រសាសន៍លោក ទេព កុសល ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង នៃសាលាភូមិន្ទរដ្ឋបាល នៅក្នុងរបាយការណ៍ ស្ដីពីសហលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជំពូក៤ មាត្រា៨ បានចែងថា «បេក្ខជនដែលត្រូវបានជ្រើសរើសតាមរយៈការប្រឡងប្រជែង ក្នុងចំណោមមន្ត្រីរាជការ និង-ឬ ក្នុងចំណោមនិស្សិត មានឋានៈជាសិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាល ហើយត្រូវទទួល ការបណ្ដុះបណ្ដាលដំបូងនៅសាលាភូមិន្ទរដ្ឋបាល»។ ទាំងនេះសបញ្ចាក់ថា សាលាភូមិន្ទរដ្ឋបាល គឺជាថ្នាលបណ្ដុះបណ្ដាលដ៏សំខាន់ និងអាចចាត់ទុកថា ជាសកម្មភាពជួយពង្រីកចំណេះដឹង ការទទួលខុសត្រូវដល់មន្ត្រីរាជការ ដែលនឹងចូលរួម អនុវត្តន៍ការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដែលស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្នផងដែរ។ លើសពីនេះ ឯកឧត្ដមនាយក ក៏បានបញ្ជាក់បន្ថែមផងដែរថា ក្នុងនាមជាមន្ត្រីរាជការត្រូវតែកាន់ភ្ជាប់នូវវិន័យល្អក្នុងខ្លួន និងថែទាំសុខភាពអោយបានល្អ ព្រោះវិន័យ និងសុខភាព គឺជារឿងសំខាន់ សម្រាប់បុគ្គលគ្រប់រូបនៅក្នុងសង្គមបច្ចុប្បន្ន ហើយវិន័យ គឺជាការជោគជ័យ សម្រាប់ខ្លួនឯង និងជោគជ័យទាំងក្នុងវិស័យការងារផងដែរ!