សេចក្តីប្រកាសព័ត៌មាន ស្តីពី "លទ្ធផលនៃសម័យប្រជុំមហាសន្និបាតនិងសន្និសីទ EROPA និងកិច្ចប្រជុំទ្វេរភាគីដទៃទៀត រវាងឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងគណប្រតិភូក្រសួងមុខងារសាធារណៈ ជាមួយនឹងភាគីកូរ៉េ និងអង្គការ OECD" ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧
ទីក្រុងសេអ៊ូល៖ ឆ្លើយតបតាមការអញ្ជើញរបស់ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (NHI) និង អគ្គលេខាធិការនៃអង្គការតំបន់ខាងកើតសម្រាប់រដ្ឋបាលសាធារណៈ (EROPA) ឯកឧត្តមកិត្តិបណ្ឌិត រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានដឹកនាំគណប្រតិភូក្រសួងមុខងារសាធារណៈចំនួន ៥ រូប ទៅចូលរួមហាសន្និបាតនិងសន្និសីទ ឆ្នាំ ២០១៧ របស់ EROPA ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ “ the Role of Public Governance in Achieving the Sustainable Development: Transforming, Empowering and Network-Building” ។ EROPA បានបង្កើតឡើងនៅឆ្នាំ ១៩៦០ និងមានទីស្នាក់ការនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន គឺជាអង្គការនៃរដ្ឋ ស្ថាប័ន ក្រុម និងបុគ្គលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ ជប៉ុន កូរ៉េ នេប៉ាល់ ហ្វីលីពីន ថៃឡង់ដ៏ និងវៀតណាម ជាសមាជិកនៃអង្គការនេះ។ គោលបំណងនៃការបង្កើតអង្គការ EROPA គឺ ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងរដ្ឋជាសមាជិកក្នុងការលើកស្ទួយអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលតាមរយៈវេទិកា ការស្រាវជ្រាវ ការបោះពុម្ភផ្សាយ និងការចែករំលែកចំណេះដឹង សន្និសីទ និងកម្មវិធីអភិវឌ្ឍសមត្ថភាព។ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចូលរួមនៅក្នុងមហាសន្និបាតនិងសន្និសីទនៃអង្គការ EROPA នេះក្នុងនាមជាភ្ញៀវកិត្តិយស ហើយក្រសួងនឹងពិនិត្យពិចារណាដាក់បញ្ចូលក្រសួងមុខងារសាធារណៈជា ស្ថាប័ននៃសមាជិកអង្គការ EROPA នាឆ្នាំខាងមុខ។ ***ព័ត៌មានលម្អិត និងទាញយកឯកសារជាទម្រង់PDF៖​ http://era.gov.kh/eadmin/data/2017/9/16/Press%20Release%20of%20EROPA.pdf