ពិធីបើក វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីរាជការ នៃក្រសួងបរិស្ថាន នៅសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី0២ ខែតុលា ឆ្នាំ២០១៧ វរលាម៉ោង៨:៣០ នៅសហសាលសាលាភូមិន្ទរដ្ឋបាលបានបើក វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីបង្កើនសមត្ថភាពមន្ត្រីរបស់ក្រសួងបរិស្ថានក្នុងគោលបំណងឆ្លើយតបឱ្យទាន់សភាពការណ៍ដែលកំពុងវិវឌ្ឍឥតឈប់ឈរ។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីធ្វើទំនើបកម្មក្រសួង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គមជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ។ សង្គមដែលបានផ្លាស់ប្ដូរជីវភាពប្រជាពលរដ្ឋដោយសារតែស្ថេរភាពនយោបាយជាង២០ឆ្នាំ កំណើនសេដ្ឋកិច្ចប្រមាណ៧%ក្នុងរង្វង់២០ឆ្នាំ និងសេរីភាពសារព័ត៌មានក្នុងសង្គម ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ការបណ្ដុះបណ្ដាលនេះគឺធ្វើឱ្យមន្ត្រីស្គាល់ពីតួនាទី ភារៈកិច្ចក្នុងក្រសួង និងត្រៀមខ្លួនជាឆ្មាំចាំយាមអាយុជីវិតរបស់ប្រទេសជាតិយ៉ាងមានប្រសិទ្ធភាព»។