សារស្វាគមន៍
សារស្វាគមន៍របស់ ឯកឧត្ដមកិត្តិបណ្ឌិត
ពេជ្រ ប៊ុនធិន
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា
ប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល

          សាលាភូមិន្ទរដ្ឋបាលដែលជាសាលាគោលខាងការបណ្តុះ បណ្តាលភ្នាក់ងារនៃរដ្ឋបាលសាធារណៈ ទទួលបន្ទុកមុខងារមួយយ៉ាងសំខាន់គឺជ្រើសរើស បណ្តុះបណ្តាល និងធ្វើវិក្រិត្យការមន្ត្រីរាជការដែលត្រូវបម្រើរដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់រដ្ឋ និងត្រូវក្លាយទៅជាតួអង្គមិនលំអៀងនៃការប្រែប្រួល ជាអ្នកធានាពហុនិយម និងសន្តិភាពរបស់ប្រជាពលរដ្ឋ និងជាសសរគោលនៃការធ្វើទំនើបកម្មរបស់ប្រទេស។
          សាលាភូមិន្ទរដ្ឋបាលបានបំពេញបេសកកម្មបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស និងអ្នកជំនាញឯកទេសនានាប្រកបដោយជំនាញ និងមនសិការវិជ្ជាជីវៈខ្ពស់ ជួយដល់ការអនុវត្តបេសកកម្មអភិបាលកិច្ចល្អ លើកកម្ពស់គុណភាព តម្លាភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ជ្រុងទី៤ ក៏បានអះអាងអំពីតម្រូវការអភិវឌ្ឍន៍ធនធានមនុស្ស (មូលធនមន្ត្រី) ឲ្យមានសមត្ថភាពប្រកបដោយសីលធម៌វិជ្ជាជីវៈ ដើម្បីការទ្រទ្រង់កំណើនសេដ្ឋកិច្ច សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយពុទ្ធិ និងសុខដុមនីយកម្ម។

          តាមរយៈកម្មវិធីបណ្តុះបណ្តាលដែលធ្វើបច្ចុប្បន្នភាពជាប្រចាំ ដោយយោងទៅតាមការវិវត្ត នៃកំណែទម្រង់ប្រទេសនិងតាមតម្រូវការកាន់តែធំឡើងរបស់រាជរដ្ឋាភិបាលក្នុងវិស័យធនធានមនុស្សដែលមានសមត្ថភាព ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល មានគោលបំណងផ្តល់ដល់សិស្សនូវសមត្ថភាពបច្ចេកទេសរឹងមាំ និងទន្ទឹមនឹងគ្នានោះដែរ ផ្តល់ភាពងាយស្រួលដល់ការអភិវឌ្ឍគុណ សម្បត្តិមនុស្សផងដែរ។ បេសកកម្មនេះជាបេសកកម្មមួយដែលពិបាក ក៏ប៉ុន្តែគួរឲ្យស្ងោចសរសើរនិងចង់បំពេញជាទីបំផុត។


សារស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា
នាយកសាលាភូមិន្ទរដ្ឋបាល

          សាលាភូមិន្ទរដ្ឋបាលមានអាយុកាលជាង ៥០ឆ្នាំហើយ ក៏ប៉ុន្តែស្ថាប័ននេះនៅតែមានសភាពក្មេងពេញកម្លាំង និងដាក់ភាពស្វាហាប់របស់ខ្លួនក្នុងការបម្រើសេវាកំណែទម្រង់រដ្ឋ និងបម្រើដំណើរការល្អរបស់រដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា និងជាសាលាអនុវត្តន៍ទទួលអាណត្តិពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីបណ្តុះបណ្តាលអនាគត មន្រ្តីក្របខ័ណ្ឌរដ្ឋបាល។ ម៉្យាងទៀត សាលាមានបេសកកម្មធ្វើការបណ្តុះបណ្តាលឲ្យស៊ីជម្រៅ និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដែលមានតំណែងរួចហើយ នៅក្នុងអំឡុងពេលបំពេញអាជីពរបស់ពួកគេ។

          ឧបនិស្ស័យពីរស្ទួនគ្នានេះ មានគោលបំណងចម្បង ឆ្លើយតបនឹងតម្រូវការចាំបាច់នៃបេសកកម្មសេវាសាធារណៈ និងសម្របទៅតាមលក្ខខណ្ឌតម្រូវនៃការធ្វើទំនើបកម្មមុខងារសាធារណៈ។

          នៅក្នុងគោលដៅនេះ សិស្ស និងកម្មសិក្សាការី ទទួលការបង្រៀនពីមន្រ្តីជាន់ខ្ពស់ដែលជាអ្នកថ្នឹកការ និងឆ្លើយតបទៅនឹងភាពប្រឈមដែលរដ្ឋបាលទំនើបត្រូវឆ្លងកាត់។ នៅក្នុងក្របខណ្ឌនេះ សាស្រ្តាចារ្យបង្រៀនដែលជាមន្រ្តីជាន់ខ្ពស់អនុវត្តបច្ចេកទេសគរុកោសល្យដែលផ្អែកលើការងារអនុវត្តន៍ និងការដាក់ឲ្យទៅជាស្ថានភាពជាក់ស្តែង ដោយបញ្ចូលចំណេះដឹងខាងទ្រឹស្តីទៅក្នុងតថភាពនៃសកម្មភាពស្ថាប័នបើកចំហទៅនឹងពិភពលោក។

          នៅក្នុងគោលបំណងធ្វើឲ្យខ្លឹមសារនៃការបណ្តុះបណ្តាល និងលក្ខខណ្ឌនៃការអនុវត្តការបណ្តុះបណ្តាលនេះមានភាពប្រសើរជាអចិន្រ្តៃយ៍ សាលាផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅនឹងការភ្ជាប់ចំណងខាងស្ថាប័ន ជាមួយនឹងសាលាអនុវត្តន៍ដទៃទៀតទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ ដូច្នេះ សាលាភូមិន្ទរដ្ឋបាលចែករំលែកជាប្រចាំនូវបទពិសោធន៍ជាមួយស្ថាប័នដែលប្រកាន់គំនិតច្នៃប្រឌិតយ៉ាងខ្លាំងក្លាចំពោះការបណ្តុះបណ្តាលមន្រ្តីក្របខណ្ឌដឹកនាំរបស់រដ្ឋ ដែលធ្វើឲ្យសាលាអាចឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិនៃការបណ្តុះបណ្តាលបាន។